នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ កំពុងត្រូវប៉ាន់ជាមួយទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ទំនិញខូចគុណភាពនាំចូលពីវៀតណាមចូលមកប្រទេស ខ្មែរយ៉ាងពេញបន្ទុក.!
ប្រភពខ្សឹបខ្សៀវពីអ្នករកស៊ីដឹកទំនិញផ្សេងៗបានឲ្យដឹងថា មន្ត្រីមានសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសនាយប៉ុស្តិ៍នគរបាលបន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល កំពុងត្រូវប៉ាន់យ៉ាងសំបើមជាមួយនឹងទំនិញខូចគុណភាព ដែលនាំ ចូលឆ្លងដែនពីប្រទេសវៀតណាម។ សព្វថ្ងៃនេះទំនិញខូចគុណភាពទំនិញក្លាស្សេ នៅតែបន្តនាំចូលយ៉ាង សកម្មតាមច្រកព្រំដែនអន្តរជាតិជ្រៃធំ ក្រោមការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍នោះតែម្ដង។
ប្រភពពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែ, ផ្លែឈើ, ត្រីសាច់,ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្តាលឱ្យដឹងថា ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួក ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដែលដឹក ទំនិញចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះ យកទៅចែកចាយលើទីផ្សារនានា និងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា ពួកគាត់រកស៊ី ដឹកបន្លែផ្លែឈើសព្វថ្ងៃបានចំណេញតិចតួចណាស់ ព្រោះសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធប្រចាំច្រកមានច្រើនស្ថាប័ន ពិសេសមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំតែម្តងនិងសមត្ថកិច្ចនៅតាមដងផ្លូវមានច្រើនទៀត គាបយកលុយច្រើនៗតាមការកំណត់មិនអាចតវ៉ាបាន។ ដោយសារមានការបើកភ្លើង ខៀវពី សំណាក់មេធំៗខាងលើចាំជួយបិទបាំងទង្វើមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោកមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្តដោយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ ។
ប្រភពបន្ថែមថា សាច់បង្កកនាំចូលដោយខុសច្បាប់ តាមច្រកព្រំដែនជ្រៃធំកាលពីប៉ុន្មានខែកន្លងទៅ ជាង ៦តោន ត្រូវបានកម្លាំងសមត្ថកិច្ច អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសាខាគយ និងរដ្ឋាករ បង្ក្រាប និងយកទៅដុតកម្ទេចចោល។ ការបង្ក្រាបសាច់បង្កកខួចគុណភាពនាំឱ្យប៉ះ ពាល់សុខមាភាពប្រជាពលរដ្ឋនេះ ក្រោមការដឹកនាំបញ្ជាដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កណ្តាលមន្ត្រីសាខា ក.ប.ប.ខេត្តកណ្តាលបានសហការ ជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ សាខាគយ និងរដ្ឋាករ ខេត្តកណ្តាល ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងនាយប៉ុស្តិ៍សំពៅពូន បានធ្វើការត្រួតពិនិត្យមានសាច់បង្កកនាំចូលតាមច្រកជ្រៃធំតែម្តង។
ប្រភពពីមន្ត្រីច្រើនស្ថាប័ននៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំបន្ថែមទៀតថា លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ប្រើតួនាទី,អំណាចប្រព្រឹត្តរបៀបអំពើលុយពុករលួយដោយគ្មានញញើតអ្វីទាំងអស ហើយឃុបឃិតបើកដៃឱ្យឈ្មួញធំៗដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនិងច្រករបៀងនិងច្រកផ្សេងៗទៀត នៃខ្សែរក្រវាត់ខេត្តកណ្ដាលគឺជាប្រភពចំណូលដ៏ធំរបស់លោកនាយប៉ុស្ដិ៍នគរបាលដែលមានឥទ្ធិពល ខ្នង បង្អែករឹងមាំ គ្មានអ្នក ណាហ៊ានប៉ះពាល់ឡើយ។
អាជីវករនិងឈ្មួញអំពាវនាវដល់ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរ បាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល,ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោកនាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ជាបន្ទាន់ផង។ព្រោះថា លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រក កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងពេញបន្ទុក៕