រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ថារាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាយុទ្ធនាការ យ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញ រួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យបានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើនសេដ្ឋកិច្ចស ឱ្យបានច្រើន”។ព្រមជាមួយគ្នានេះដែរ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើសុំដល់ប្រជាជនឱ្យមានការសហការ និងចូលរួមលើគោលការណ៍ចំនួន ៣ គឺ៖ ទី១/ សូមកុំចូលរួមអនុវត្តដោយផ្ទាល់ក្នុងសកម្មភាពនៃការរួមចំណែកនៃការឆបោកតាមប្រព័ន្ធអនឡាញ, ២/ សូមចូលរួមសហការ និងរាយការណ៍អំពីបទល្មើសដែលកើតមានផ្ទាល់ និងទី៣/ សូមប្រជាជនចូលរួមចាប់អាជីពដែលត្រឹមត្រូវស្របតាមច្បាប់។ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មី គឺជាការរៀបចំដើម្បីអបអរសាទរ និងថែរក្សាប្រពៃណីជាតិខ្មែរខ្លួន ដែលជាសាសនា វប្បធម៌ និងប្រពៃណីរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយ ព្រមជាមួយនោះក៏ត្រូវជំរុញដំណើរជីវិតឱ្យទៅមុខដោយត្រូវពង្រឹងខ្លួនឯង។ ការរៀបចំនេះ គឺផ្តោតទៅលើសាមគ្គីភាព និងភាពរឹងមាំរបស់ជាតិ ដែលត្រូវរៀបចំឱ្យបានសមស្របតាមប្រពៃណី និងមិនត្រូវបំភ្លេចដល់ជនភៀសសឹក ដោយនឹងបំផុសសិល្បករ និងសប្បុរជននឹងទៅជួបផ្ទាល់ ទៅលេង ហើយលើកទឹកចិត្តផ្ទាល់ជាមួយបងប្អូនជនភៀសសឹក នៅមូលដ្ឋានផ្ទាល់ ជាពិសេសក្នុងកម្មវិធី ក៏នឹងមានការជំរុញផ្សព្វផ្សាយអំពីវីរកងទ័ពនៅតាមទីតាំងផ្សេងៗ ដើម្បីបង្ហាញ ទៅដល់ប្រជាជនដែលបាននឹងអញ្ជើញទៅទស្សនាផ្ទាល់។ជាមួយគ្នានោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជនខ្មែរពីគ្រប់ទិសទី ដែលបានចូលរួមជាចលនាជាតិនិយមយ៉ាងសកម្មក្នុងចលនាជាតិនិយមតាមរយៈការចូលរួមយ៉ាងច្រើនក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាល និងវីរកងទ័ព ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីការសាមគ្កីជាតិ ស្មារតីជាតិនិយម និងស្នេហាជាតិ ទឹកដី និងប្រជាជនយ៉ាងប្រាកដបំផុត។មុននឹងបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋយើងដែលរស់នៅតំបន់មជ្ឈិមបូព៌ាដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង និងត្រូវតាមដានសភាពការណ៍ឱ្យជាប់ជាប្រចាំដើម្បីដាក់ចេញវិធានការឱ្យបានលឿន និងទាន់ពេល ។ បន្ថែមពីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវតាមដានឱ្យជាប់ពីទិន្នន័យ និងការប្រែប្រួលប្រេង ដោយត្រូវមើលពីបរិមាណប្រេង និងមានប្រទេសនាំចេញប្រេង ថាតើមានប្រទេសណាដែលនឹងបិទការនាំចេញដែរឬទេ ដើម្បីធានាស្ដុកប្រេងសម្រាប់ប្រើប្រាស់ និងស្ថិរភាពតម្លៃប្រេង ។ជាទីបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃគ្រប់ក្រសួងស្ថាប័ន, អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នឹងបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ, ទិសដៅការងារ, បទបញ្ជា និងសេចក្តីណែនាំនានា ព្រមទាំងផ្តល់កិច្ចសហការទូលំទូលាយ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបេសកកម្មដ៏មានអត្ថន័យរបស់ជាតិមាតុភូមិយើង គឺ ការកសាងសហគមន៍មួយដែលគ្រឿងញៀនលែងជាឧបសគ្គនៃការអភិវឌ្ឍជាតិ និងស្របតាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជិវិតនិងសហគមន៍គ្មានគ្រឿងញៀន។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ