ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា
Thu,02 April 2026 (Time 11:45 AM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 5នាក់)

នា​ព្រឹក​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦ នៅ​វិមាន​សន្តិភាព សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Zou Jiayi ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក​ជំទាវ​ប្រធាន​ធនាគារ AIIB បាន​កោតសរសើរ​សមិទ្ធ​ផល និង​ការរីកចម្រើន​យ៉ាង​រហ័ស​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដាក់ចេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​ជាតិ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​។ លោកជំទាវ​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​ផ្តល់​ទំនុកចិត្ត និង​គាំទ្រ​ដល់​ធនាគារ AIIB នា​ពេលកន្លងមក​។ លោកជំទាវ​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី​អំពី​គោលនយោបាយ​អាទិភាព ៤ របស់​ធនាគារ ដែល​រួមមាន​៖ ការប្រែប្រួល​អាកាសធាតុ និង​ថាមពល​ស្អាត​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ និង​ឆ្លង​ប្រទេស​, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​បច្ចេកវិទ្យា​, និង ការអភិវឌ្ឍ​វិស័យ​ឯកជន​។ លោកជំទាវ​បាន​សង្កត់ធ្ងន់ថា គោលនយោបាយ​អាទិភាព​ទាំងនេះ​មាន​សង្គតិភាព ទៅ​នឹង​ចក្ខុវិស័យ​អភិវឌ្ឍន៍​របស់​កម្ពុជា​។ លោកជំទាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា កម្ពុជា​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​បំផុត​មួយ និង​ប្ដេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា នៅ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។

​ជា​ការឆ្លើយតប សម្ដេច​ធិបតី​បាន​សម្តែង​ការស្វាគមន៍ និង​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ជំទាវ​ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ធនាគារ AIIB​។ សម្តេច​ធិបតី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​លោកជំទាវ កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង ធនាគារ AIIB នឹង​កាន់តែ​រឹងមាំ និង​មាន​ផ្លែផ្កា​បន្ថែមទៀត​។ សម្តេច​ធិបតី​បាន​គូសបញ្ជាក់ថា គោលនយោបាយ​អាទិភាព​ទាំង ៤ របស់​ធនាគារ AIIB ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​វិស័យ​អាទិភាព​របស់​កម្ពុជា​។ សម្ដេច​ធិបតី​បាន​បន្ថែមទៀតថា ចំពោះ​ការអភិវឌ្ឍ​ថាមពល​ស្អាត រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​គោលដៅ​ជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន​៧០% នៅ​ឆ្នាំ​២០៣០ និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​រថយន្ត​អគ្គិសនី (EV) ដើម្បី​រួមចំណែក​ឈាន​ទៅ​សម្រេចបាន​នូវ​គោលដៅ អព្យាក្រឹត​កាបូន នាពេល​អនាគត​។ ជាមួយគ្នានេះ សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​ពី​ការកែសម្រួល​វិធានការ​ចាំបាច់​មួយ​ចំនួន ក្នុង​វិស័យ​ឡូ​ជី​ស្ទិក និង​ថាមពល ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់ និង​សកលលោក​។

​មុន​នឹង​បញ្ចប់ សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ធនាគារ AIIB បន្ត​ពិភាក្សា និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​ការអនុវត្ត​គម្រោង​សហប្រតិបត្តិការ​ជាក់ស្ដែង​ឱ្យ​សម្រេចបាន​នូវ​លទ្ធផល​ជា​អតិបរមា​សម្រាប់​ប្រជាជន​កម្ពុជា​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ